Tuesday, August 1, 2017

ភ្ញៀវ​ទេសចរ​គាំទ្រ​ការ​បង្កើត​តំបន់​ទេសចរណ៍​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង

ភ្ញៀវ​ទេសចរ​គាំទ្រ​ការ​បង្កើត​តំបន់​ទេសចរណ៍​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​ទៅ​ទស្សនា​តាម​បណ្ដា​កោះ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​កោត​សរសើរ​សកម្មភាព​របស់​ប្រតិបត្តិករ​ទេសចរ ដែល​បាន​បង្កើត​តំបន់​ឆ្នេរ​កម្សាន្ត​ថ្មី​មាន​ការ​ទាក់ទាញ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​មាន​ឈ្មោះ «កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង» មាន​បរិស្ថាន​អនាម័យ​ល្អ និង​មាន​សោភ័ណភាព​មាន​លក្ខណៈ​ធម្មជាតិ សម្រាប់​ផ្តល់​ជម្រើស​ភ្ញៀវ​ទេសចរ​សម្រាក​លំហែ​កម្សាន្ត។Related image
អភិបាល​ខេត្ត​ព្រះសីហនុ គាំទ្រ​ការ​បង្កើត​តំបន់​ឆ្នេរ​កម្សាន្ត​ទេសចរណ៍​ថ្មីៗ​ឲ្យ​បាន​ច្រើន ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។
ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ពិសេស​ភ្ញៀវ​ជាតិ​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ មាន​ឆ្នេរ​ឡុងសិត ឆ្នេរ​កោះ​រ៉ុង​សន្លឹម ឆ្នេរ​កោះ​តូច និង​ឆ្នេរ​សុខសាន្ត ជាដើម បាន​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​ឆ្នេរ​កម្សាន្ត​ទើប​បង្កើត​ថ្មី គឺ «កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង» ដែល​ប្រតិបត្តិករ​ទេសចរ​ខេត្ត​នេះ​រួម​គ្នា​អភិវឌ្ឍ បម្រើ​ដល់​វិស័យ​ទេសចរណ៍។ ភ្ញៀវ​ទេសចរ​ទាំងនេះ​សរសើរ​ថា ឆ្នេរ​មាន​អនាម័យ​ល្អ ឆ្នេរ​ធំ​ទូលាយ​មាន​ខ្សាច់​សក្បុស និង​សមុទ្រ​ថ្លា​ឆ្លុះ​គួរ​ជា​ទី​គយគន់​មិន​ចេះ​ជិនណាយ។
កញ្ញា រង្សី ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ធនាគារ​ឯកជន​មួយ​នា​រាជធានី​ភ្នំពេញ ដែល​បាន​រួម​ដំណើរ​ជាមួយ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​តាម​កោះ​នានា ហើយ​បាន​ចូល​ទៅ​សម្រាក​កម្សាន្ត​នៅ​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី ៨ មីនា បាន​កោត​សរសើរ​ការ​ថែរក្សា​បរិស្ថាន​នៅ​តាម​ឆ្នេរ​កោះ​ឋានសួគ៌ ថា​មាន​អនាម័យ​ល្អ និង​មាន​សោភ័ណភាព​ស្រស់​ត្រកាល​សម​ជាមួយ​ការ​ដាក់​ឈ្មោះ​ឆ្នេរ​នេះ ថា​ជា​កោះ​ឋានសួគ៌។
Image result for ឆ្នេរ​ភ្លោះ​កោះ​រ៉ុងកញ្ញា រង្សី ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ដែល​ចុះ​ទៅ​ដល់​ឆ្នេរ​កោះ​ឋានសួគ៌​ក្នុង​សម្ដី​មួយៗ​ថា បរិស្ថាន​នៅ​ជុំវិញ​ឆ្នេរ​ទើប​អភិវឌ្ឍ​ថ្មី​នេះ​មាន​ឆ្នេរ​ធំ​ទូលាយ មាន​ខ្សាច់​សក្បុស មាន​ទឹក​ថ្លា​ឆ្លុះ និង​ហ៊ុមព័ទ្ធ​ដោយ​ចម្ការ​ដូង ផ្កាភ្ញី​ចម្រុះ​ពណ៌ ព្រៃ​កោងកាង និង​ព្រៃ​ឈើ​ធម្មជាតិ​មាន​ពណ៌​ខៀវ​ស្រងាត់។
ភ្ញៀវ​ទេសចរ​ដែល​មាន​សម្រស់​ស្រស់​ឆើតឆាយ​រូប​នេះ ហាក់​មាន​ការ​យល់​ដឹង​ខ្ពស់​ជុំវិញ​ការងារ​ថែរក្សា​បរិស្ថាន និង​អនាម័យ​នៅ​តាម​ឆ្នេរ ដោយ​ស្នើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​ចូល​ទៅ​ទស្សនា​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ឲ្យ​ជួយ​ថែរក្សា​បរិស្ថាន​ឆ្នេរ​ជាមួយ​ប្រតិបត្តិករ​ទេសចរ​បង្កើត​តំបន់​ឆ្នេរ​កម្សាន្ត​នេះ ឲ្យ​មាន​អនាម័យ​ល្អ​ជា​រៀង​រហូត ដោយ​ត្រូវ​វេច​ខ្ចប់​កាកសំណល់​សល់​ពី​ការ​ទទួល​ទាន​ឲ្យ​បាន​ត្រឹមត្រូវ និង​ទុក​ដាក់​ឲ្យ​មាន​របៀប​រៀបរយ៖ «កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង​នេះ គឺ​មាន​ឆ្នេរ​ខ្សាច់​សក្បុស និង​មាន​ខ្សាច់​ម៉ត់ខៃ ហ៊ុមព័ទ្ធ​ទៅ​ដោយ​ទឹក​សមុទ្រ​ពណ៌​ខៀវ ឆ្នេរ​មាន​អនាម័យ និង​មាន​សន្តិសុខ​ល្អ។ ចំណែក​តម្លៃ​សេវា​ស្នាក់នៅ និង​ម្ហូប​អាហារ​ក៏​មាន​តម្លៃ​សមរម្យ អាច​ទទួល​យក​បាន​សម្រាប់​ដំណើរ​កម្សាន្ត​មក​កាន់​តំបន់​ឆ្នេរ​មួយ​នេះ»
ចំណែក​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​ទៀត​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​លក់​ឱសថ​ឯកជន​មួយ មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​នេះ ពួក​គេ​ក៏​គាំទ្រ​ស្ថាបនិក​រួម​គ្នា​បង្កើត​ឆ្នេរ​កម្សាន្ត​ថ្មី ថា​ការពារ​បរិស្ថាន​ឆ្នេរ​បាន​ល្អ និង​ថែរក្សា​សោភ័ណភាព​ឆ្នេរ​មាន​អនាម័យ គួរ​ជា​ទី​គយគន់​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ដល់​ឆ្នេរ​នេះ។
Related imageកញ្ញា ស៊ុន សុវណ្ណដា ស្ថិត​ក្នុង​ចំណោម​មិត្តភ័ក្ដិ​ជាច្រើន​ទៀត បង្ហាញ​ទឹក​មុខ​រីករាយ​ពេល​បាន​មក​ឃើញ​ទិដ្ឋភាព​បរិស្ថាន​ឆ្នេរ​កោះ​ឋានសួគ៌ ឆ្នេរ​មាន​អនាម័យ និង​បរិស្ថាន​ឆ្នេរ​មាន​សោភ័ណភាព​គួរ​ឲ្យ​ចង់​គយគន់ និង​បន្ត​ស្នាក់នៅ​រយៈពេល​វែង។
ភ្ញៀវ​ទេសចរ​រូប​ឆោម​ស្រស់​ឆើតឆាយ និង​មាន​សម្ដី​រួសរាយ​រាក់ទាក់​រូប​នេះ អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍ និង​ចូល​មក​ទស្សនា​ឆ្នេរ​ភ្លោះ​កោះ​ឋានសួគ៌ មាន​ទីតាំង​នៅ​ចុង​បំផុត​កោះ​រ៉ុង​ឲ្យ​ច្រើន​កុះករ ព្រោះ​ឆ្នេរ​ទើប​អភិវឌ្ឍ​ថ្មី​នេះ មាន​បរិស្ថាន​អនាម័យ​ល្អ និង​មាន​លក្ខណៈ​ធម្មជាតិ។
កញ្ញា សុវណ្ណដា រួម​ជាមួយ​អ្នក​រួម​ដំណើរ រៀបរាប់​ប្រភេទ​ឧបករណ៍​ជា​ជម្រើស​កម្សាន្ត ដែល​ប្រតិបត្តិករ ឬ​ម្ចាស់​ឆ្នេរ បាន​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​មាន​ដូចជា ការ​ចុះ​ងូត​ទឹក​កម្សាន្ត​តាម​ឆ្នេរ​ខ្សាច់​សក្បុស អុំ​ទូក​តូចៗ​ប្រណាំង​គ្នា​តាម​ដៃ​ព្រែក និង​ឆ្នេរ​សមុទ្រ មាន​ដុះ​ដើម​កោងកាង​អម​ដោយ​ព្រៃ​ឈើ​ធម្មជាតិ និង​មាន​ផ្ទាំង​ថ្ម​ធំៗ។ ពួក​គេ​ម្នាក់ៗ​ស្នើ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​នឹង​ចូល​មក​ទស្សនា​កម្សាន្ត​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​នេះ​ឲ្យ​បាន​ល្អ​ជាមួយ​ស្ថាបនិក​អភិវឌ្ឍន៍​ឆ្នេរ​កម្សាន្ត​មួយ​នេះ ឲ្យ​មាន​អនាម័យ​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​រក្សា​ឆ្នេរ​សមុទ្រ​ធម្មជាតិ​មួយ​នេះ​ឲ្យ​មាន​បរិស្ថាន និង​សោភ័ណភាព​ស្រស់​បំព្រង​រហូត​នា​ថ្ងៃ​អនាគត៖ «ជា​លើក​ទី​១ ហើយ​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មក​ដល់​កោះ​ឋានសួគ៌ ហើយ​ដំណើរ​កម្សាន្ត​នេះ ខ្ញុំ​បាន​ដើរ​លេង​ជាច្រើន​កោះ​រួច​មក​ហើយ នៅ​តាម​បណ្ដា​កោះ​នានា​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ឆ្នេរ​មាន​សោភ័ណភាព​ល្អ​នៅ​តាម​រមណីយដ្ឋាន​ផ្សេងៗ ជាពិសេស​នៅ​តាម​តំបន់​កោះ​តែ​ម្តង។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មក​ដល់​កោះ​ឋានសួគ៌​ជា​លើក​ទី​១ នេះ ខ្ញុំ​ឃើញ​ឆ្នេរ​ខ្សាច់ និង​ទឹក​សមុទ្រ​នៅ​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង​នេះ​មាន​សោភ័ណភាព និង​មាន​អនាម័យ​ស្រស់​ស្អាត​មែនទែន គួរ​ឲ្យ​ចង់​គយគន់ និង​ចូល​មក​ទស្សនា មិន​ចង់​ឃ្លាត​ឆ្ងាយ»
Image result for ឆ្នេរ​ភ្លោះ​កោះ​រ៉ុងទោះ​យ៉ាង​ណា កញ្ញា ស៊ុន សុវណ្ណដា និង​ភ្ញៀវ​ទេសចរ​ច្រើន​ទៀត​ដែល​បាន​សម្រាក​មួយ​យប់​នៅ​តំបន់​កម្សាន្ត​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង បាន​ស្នើ​ឲ្យ​ប្រតិបត្តិករ ឬ​ម្ចាស់​ទីតាំង​វិនិយោគ​តំបន់​កម្សាន្ត​មួយ​នេះ ត្រូវ​កំណត់​ស្តង់ដារ​នៃ​តម្លៃ​សេវា​ស្នាក់នៅ និង​សេវា​ម្ហូប​អាហារ​ជូន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​សមរម្យ ដោយ​មិន​ត្រូវ​ឆ្លៀត​ដំឡើង​ថ្លៃ​តាម​ទំនើង​ចិត្ត​នៅ​ពេល​ថ្ងៃ​មាន​បុណ្យ​ទាន​ធំៗ​ចូល​មក​ដល់​នោះ​ទេ ដែល​តំបន់​កម្សាន្ត​ដទៃ​ទៀត​ធ្លាប់​បាន​អនុវត្ត​នា​ពេល​កន្លង​ទៅ​នោះ​ទេ។
បញ្ហា​នេះ​ដែរ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ មន្ត្រី​រាជការ ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ត្រូវ​រួម​សហការ​គ្នា​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត ឬ​បង្កើត​ទីតាំង​ទេសចរណ៍​ថ្មីៗ​ឲ្យ​បាន​ច្រើន​ទីតាំង​ថែម​ទៀត​នា​មូលដ្ឋាន​នេះ សម្រាប់​ផ្តល់​ជម្រើស​កម្សាន្ត​ជូន​ភ្ញៀវ​ទេសចរ​នា​ថ្ងៃ​អនាគត។ លោក យន្ត មីន រំពឹង​ថា កំណើន​ភ្ញៀវ​ទេសចរ​នឹង​កើន​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នៅ​គ្រា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​មាន​ទីកន្លែង​កម្សាន្ត មាន​បរិស្ថាន​អនាម័យ និង​ឆ្នេរ​មាន​សោភ័ណភាព​ល្អ គួបផ្សំ​ប្រតិបត្តិករ​បាន​កំណត់​តម្លៃ​សេវា​ស្នាក់នៅ និង​សេវា​ម្ហូប​អាហារ​ជាដើម​មាន​តម្លៃ​សមរម្យ។
លោក​ស្នើ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​តាម​ឆ្នេរ​នានា​នៅ​ខេត្ត​ព្រះសីហនុ មាន​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ជាដើម ត្រូវ​ចូលរួម​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​ឆ្នេរ​នីមួយៗ​ឲ្យ​បាន​ទាំងអស់​គ្នា ដោយ​មិន​ត្រូវ​បោះ​ចោល​កាកសំណល់ ឬ​សំរាម​សល់​ពី​អាហារ​ទទួល​ទាន​របស់​ខ្លួន​នៅ​តាម​ទី​សាធារណៈ ឬ​នៅ​តាម​តំបន់​ឆ្នេរ​គ្មាន​សណ្ដាប់ធ្នាប់​ដូច​គ្នា​ភ្ញៀវ​ទេសចរ​ភាគច្រើន​បាន​ប្រព្រឹត្ត​នា​ពេល​កន្លង​មក​ទៀត​ទេ៖ «កន្លង​មក​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​របស់​ពិភពលោក​រួច​ហើយ នៅ​ក្នុង​ចំណោម​ប្រទេស​ជាង​២០ ដែល​មាន​ឆ្នេរ​សម្រស់​ស្អាត​ដាច់​គេ​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦ នេះ ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ យើង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជា​ឆ្នេរ​ស្រស់​ស្អាត​ដាច់​គេ និង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នៅ​លើ​ពិភពលោក​ក្នុង​ចំណោម​ប្រទេស​មាន​ឆ្នេរ​សមុទ្រ​ស្អាត​ជាង ២០​ប្រទេស​នៅ​លើ​ពិភពលោក គឺ​ជា​មោទនភាព​របស់​ប្រទេស​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​សម្អាត​អនាម័យ​ឆ្នេរ​សមុទ្រ​របស់​យើង​ឲ្យ​បាន​ទាំងអស់​គ្នា»
អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​លើ​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង លោក ជី ឈុនលាង ផ្តល់​សម្ភាស​ថា សេវា​បម្រើ​ទាំង​ការ​ស្នាក់នៅ និង​ម្ហូប​អាហារ គឺ​ពួក​គេ​បាន​កំណត់​តម្លៃ​ប្រហាក់​ប្រហែល​គ្នា​នឹង​តម្លៃ​អាហារ​ទទួល​ទាន​នៅ​លើ​ទីផ្សារ​លើ​ដី​គោក​ដែរ។ ជាង​នេះ រាល់​ការ​ជិះ​ទូក​កម្សាន្ត​តាម​ព្រែក ឬ​តាម​ឆ្នេរ​សមុទ្រ ឧបករណ៍​តន្ត្រី​ចាក់​រាំ​កម្សាន្ត​នា​ពេល​រាត្រី​ក្តី គឺ​ពួក​គេ​មិន​គិត​ថ្លៃ​សេវា​ពី​ភ្ញៀវ​ទេសចរ​ទេ។
Image result for ឆ្នេរ​ភ្លោះ​កោះ​រ៉ុងលោក​បន្ត​ថា តម្លៃ​ម្ហូប​អាហារ​ដែល​ភ្ញៀវ​កុម្ម៉ង់​ធ្វើ​ភ្លាមៗ​នៅ​ឆ្នេរ​ភ្លោះ កោះ​ឋានសួគ៌​នេះ គឺ​មិន​លក់​កោរ​ភ្ញៀវ​ទេសចរ​ដូច​នៅ​ទីតាំង​ឆ្នេរ​ផ្សេង​នោះ​ទេ ទោះ​ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ​ក្តី គឺ​រក្សា​តម្លៃ​ថេរ​ធម្មតា ពិសេស​ជាង​នេះ​ទៀត សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​នាំ​យក​អាហារ​ហូប​ចុក​មក​តាម​ខ្លួន ខាង​ប្រតិបត្តិករ​ពួក​គាត់​បាន​ផ្តល់​តុ​អង្គុយ និង​ផ្តល់​ជូន​សម្ភារ​ផ្សេងៗ​ទៀត​ដូចជា ចាន ស្លាបព្រា​ជាដើម សម្រាប់​ការ​ទទួល​ទាន និង​សម្រាក​កម្សាន្ត​នៅ​តាម​ឆ្នេរ​សមុទ្រ ដោយ​មិន​គិត​តម្លៃ​សេវា​នេះ​ពី​ភ្ញៀវ​ទេសចរ​ទេ។
លោក ឈុនលាង ឲ្យ​ដឹង​ថា ជម្រើស​កម្សាន្ត​ជាច្រើន​ប្រភេទ​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​នៅ​តំបន់​ឆ្នេរ​កោះ​ឋានសួគ៌ មាន​ដូចជា ភ្ញៀវ​អាច​ចែវ​ទូក​កម្សាន្ត​មើល​ព្រៃ​កោងកាង​តាម​ដង​ព្រែក តាម​ឆ្នេរ ជិះ​ទូក​ស្ទូច​ត្រី​កម្សាន្ត និង​ចាក់​ភ្លេង​រាំ​ច្រៀង​កម្សាន្ត​នៅ​ពេល​រាត្រី ដោយ​ម្ចាស់​ទីតាំង​នេះ​មាន​ឧបករណ៍​ប្រគំ​តន្ត្រី​សម័យ​រង់ចាំ​បម្រើ​តាម​តម្រូវការ ហើយ​មិន​គិត​ថ្លៃ​សេវា​ពី​ភ្ញៀវ​ទេ៖ «ចំពោះ​សេវាកម្ម​នៅ​លើ​កោះ​ឋានសួគ៌​នេះ គឺ​ខ្ញុំ​បាន​យក​ថ្លៃ​ឈ្នួល​ជួល​បឹង​កាឡូ និង​តង់​សម្រាប់​ជួល​ស្នាក់នៅ​ពេល​យប់ និង​យក​ថ្លៃ​ម្ហូប​អាហារ​ដែល​ភ្ញៀវ​ទេសចរ​បាន​កុម្ម៉ង់​ឲ្យ​ពួក​ខ្ញុំ​ធ្វើ​ជូន ប៉ុន្តែ​ចំពោះ​ការ​វេច​ខ្ចប់​ចំណី​អាហារ​មក​កម្សាន្ត​លេង​កោះ​ឋានសួគ៌ ឬ​កន្លែង​ខ្ញុំ​នេះ គឺ​ខ្ញុំ​មិន​បាន​គិត​តម្លៃ​សេវា​ផ្សេងៗ​ពី​ភ្ញៀវ​ទេសចរ​ទេ ហើយ​ថែម​ទាំង​ខ្ញុំ​បាន​រៀបចំ​ឲ្យ​មាន​តុ​អង្គុយ និង​សេវា​ផ្សេងៗ​ជូន​ភ្ញៀវ​ដោយ​មិន​យក​ប្រាក់​ទេ។ ដូច្នេះ​សូម​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ថា​ពួក​ខ្ញុំ​ជា​ប្រតិបត្តិករ​បម្រើ​សេវា​ទេសចរណ៍​នៅ​លើ​កោះ​ឋានសួគ៌​នេះ បាន​គិត​តម្លៃ​ពី​ភ្ញៀវ ដូច​នៅ​តាម​បណ្ដា​ឆ្នេរ ឬ​កោះ​ផ្សេងៗ​ឲ្យ​សោះ គឺ​មិន​យក​តម្លៃ​សេវា​បម្រើ​លើស​ពី​កោះ​ផ្សេងៗ​នោះ​ទេ»
ប្រធាន​ក្រុមហ៊ុន​កប៉ាល់ ឬ​អូប័រ​ដឹក​ភ្ញៀវ​ទេសចរ ជី.ធី.វី.ស៊ី (G.T.V.C) និង​ជា​ស្ថាបនិក​ផ្ដួចផ្ដើម​អភិវឌ្ឍ​បង្កើត​ឲ្យ​មាន​តំបន់​ឆ្នេរ​កម្សាន្ត​ថ្មី​មាន​ឈ្មោះ​ថា «កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង» ដែល​ភ្ញៀវ​ទេសចរ​កំពុង​ចាប់​អារម្មណ៍​នា​ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី​ដឹង​ថា នឹង​បង្កើត​ទីកន្លែង​លំហែ​កម្សាន្ត​ឲ្យ​បាន​ច្រើន ព្រម​ទាំង​បង្កើត​ឲ្យ​មាន​ឧបករណ៍​ច្រើន​ប្រភេទ​ទុក​សម្រាប់​ផ្តល់​ជម្រើស​កម្សាន្ត ឬ​ជម្រើស​សប្បាយ​រីករាយ​ជូន​ភ្ញៀវ​ទេសចរ ដែល​នឹង​ចូល​មក​ទស្សនា​ឆ្នេរ​ទើប​អភិវឌ្ឍ​ថ្មី​នេះ​ឲ្យ​សម្បូរ​បែប​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។
Image result for ឆ្នេរ​ភ្លោះ​កោះ​រ៉ុងលោក ទៀ វិចិត្រ ធានា​អះអាង​ថា ក្នុង​នាម​ជា​អ្នក​រួម​បង្កើត​ឆ្នេរ​កម្សាន្ត​កោះ​ឋានសួគ៌​នេះ នឹង​ខិតខំ​ថែរក្សា​បរិស្ថាន​នៅ​តាម​ឆ្នេរ និង​ព្រែក​នានា​ឲ្យ​មាន​អនាម័យ​ល្អ ព្រម​ទាំង​ថែរក្សា​បរិស្ថាន​ព្រៃ​ឈើ​ធម្មជាតិ និង​ដាំ​ដើម​កោងកាង លែង​ត្រី​សមុទ្រ​ប្លែកៗ​ចូល​ទៅ​ក្នុង​ព្រែក ឬ​សមុទ្រ ដើម្បី​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ដែល​នឹង​ចូល​មក​ទស្សនា​តំបន់​នេះ​នា​ថ្ងៃ​អនាគត៖ «ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​ទៅ​ទស្សនា​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង គឺ​តំបន់​ទេសចរណ៍​មួយ​នេះ​មាន​ផ្កា​ថ្ម​ក្នុង​បាត​សមុទ្រ​ស្រស់​ស្អាត មាន​ឆ្នេរ​ខ្សាច់​សក្បុស មាន​អនាម័យ មាន​ព្រែក​អម​ដោយ​ព្រៃ​កោងកាង ផ្ទាំង​ថ្ម​ដា និង​ព្រៃ​ធម្មជាតិ​ជាដើម។ តំបន់​រមណីយដ្ឋាន​នេះ យើង​ខិតខំ​រក្សា​ការពារ​ឲ្យ​ធម្មជាតិ​ដែល​មាន​នៅ​តំបន់​នេះ​ឲ្យ​បាន​គង់វង្ស និង​បង្កើន​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ដោយ​យក​ចិត្ត​ទុក​ដាក់។ បច្ចុប្បន្ន​នេះ អ្វី​ដែល​ខ្ញុំ​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង គឺ​កំពុង​រៀបចំ​ទីកន្លែង​ស្នាក់នៅ ឬ​បឹង​កាឡូ​ដែល​មាន​ស្តង់ដារ ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ស្នាក់នៅ​មាន​ជំនឿ​ទុក​ចិត្ត ឬ​មាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទូទៅ។ ជាង​នេះ នៅ​ឆ្នេរ​កម្សាន្ត​ធម្មជាតិ​នេះ គឺ​យើង​ព្យាយាម​រក្សា​ការពារ​ឲ្យ​បាន​គង់វង្ស​នូវ​ធម្មជាតិ​ពិតៗ ហើយ​ឲ្យ​ភ្ញៀវ​បាន​ទៅ​ដល់ និង​ទស្សនា​ឲ្យ​មាន​អារម្មណ៍​សប្បាយ​រីករាយ​គ្រប់​គ្នា។ រាល់​ថ្ងៃ​នេះ យើង​កំពុង​រៀបចំ​ឲ្យ​មាន​សួន​ពោង​បណ្ដែត​នៅ​លើ​ទឹក​សមុទ្រ​មាន​ទំហំ​ធំ ដែល​អាច​ឲ្យ​មនុស្ស​ចាស់ និង​ក្មេងៗ​អាច​ចុះ​ងូត​ទឹក​កម្សាន្ត​ដាក់​បម្រើ​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​លើ​លំហ​សមុទ្រ​នៅ​ចំ​ពី​មុខ​ឆ្នេរ​ខ្សាច់​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង​តែ​ម្តង»
ចំពោះ​ការងារ​ថែរក្សា​បរិស្ថាន​ឆ្នេរ លោក ទៀ វិចិត្រ ស្ថាបនិក​អភិវឌ្ឍន៍​កោះ​ឋានសួគ៌ បាន​អះអាង​ថា ក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់​លោក បាន​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​ដើរ​សម្អាត​រើស​សំរាម ឬ​សម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​ឆ្នេរ​ជា​រៀង​រាល់​ថ្ងៃ និង​ពង្រាយ​កម្លាំង​យាម​រង់ចាំ​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ​ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក ទៀ វិចិត្រ បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​បង្កើត ឬ​អភិវឌ្ឍ​ឆ្នេរ​កម្សាន្ត​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង​កាល​ពី​ឆ្នាំ​២០១៦ មក គឺ​ឆ្នេរ​កម្សាន្ត​មួយ​នេះ​មិន​ដែល​កើត​មាន​ចោរកម្ម និង​បញ្ហា​ផ្សេងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​មាន​ការ​ភ័យ​ខ្លាច​ម្តង​ណា​ទេ ជាពិសេស​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿង​ញៀន​នៅ​លើ​ទីតាំង​នេះ​ជា​ដាច់ខាត ដោយ​ពង្រាយ​កម្លាំង​ឃ្លាំ​មើល​ជា​ប្រចាំ។
ទោះ​ជា​បែប​នេះ​ក្តី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បាន​ស្នើ​ដល់​វិស័យ​ឯកជន ឬ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​នា​មូលដ្ឋាន​នេះ ឲ្យ​បង្កើន​គុណភាព​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន​ឲ្យ​មាន​គុណភាព កំណត់​តម្លៃ​សេវា​ឲ្យ​បាន​សមរម្យ មិន​ត្រូវ​លក់​កោរ​ភ្ញៀវ និង​បើក​ធ្វើ​អាជីវកម្ម ត្រូវ​សុំ​ការ​អនុញ្ញាត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ។
មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​របាយការណ៍​ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កើន​ឡើង​ជាង ២០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជិត ៤០​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់។
ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ) មាន​ខ្សាច់​ស​ស្អាត ទឹក​សមុទ្រ​ថ្លា​ឆ្លុះ ឆ្នេរ​រាក់ ទឹក​ធ្លាក់ មច្ឆា​សមុទ្រ ផ្កា​ថ្ម ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន​៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍៕
From : http://www.rfa.org/khmer

No comments:

Apple is investigating reports of iPhone 8 batteries swelling

Reports from a couple of iPhone 8 and iPhone 8 Plus purchasers have recommended there could be an issue with the battery inside a portion...