មគ្គុទេសក៍ទេសចរឲ្យដឹងថា អ្នកទេសចរមកកម្ពុជាចំណាយតិច
របាយការណ៍ប្រចាំឆ្នាំ២០១៥នៃក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រាក់ចំណូលប្រចាំឆ្នាំដែលកម្ពុជាទទួលបានពីវិស័យទេសចរណ៍ក្នុងឆ្នាំ២០១៥ គឺ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ភ្នំពេញ —
ខណៈពេលដែលរដ្ឋាភិបាលលើកឡើងថា វិស័យទេសចរណ៍នាំចំណូលច្រើនបំផុតទីពីរបន្ទាប់ពីឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នោះ មគ្គុទេសក៍ទេសចរនិយាយថា គេសង្កេតឃើញថា ភ្ញៀវទេសចរមកប្រទេសកម្ពុជាចំណាយតិច ក្រោយបន្ទាប់ពីពួកគេបានទៅចំណាយលុយនៅប្រទេសថៃ ឬប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀតមុនមកដល់ប្រទេសកម្ពុជា។
កម្ពុជាក្លាយគោលដៅទេសចរចុងក្រោយរបស់អ្នកទេសចរភាគច្រើនគឺដោយសារមិនមានជើងយន្តហោះពីទ្វីបផ្សេងៗមកចុះចតផ្ទាល់នៅកម្ពុជា។
លោកហៃ សុខាជាមគ្គុទេសក៍ទេសចរសម្រាប់ភ្ញៀវជនជាតិបារាំងនិយាយថា៖
«ស្រុកយើងអត់មានកប៉ាល់ហោះមក direct (ចុះស្រុកយើងដោយផ្ទាល់ទេ) អញ្ចឹងហើយមុនពេលភ្ញៀវគាត់ដើរលេងមកដល់ស្រុកខ្មែរហ្នឹង គាត់ទៅលេងវៀតណាម លេងថៃអស់លុយហើយទំរាំបានមកដល់យើង។ ភ្ញៀវអត់ចូលចិត្តចាយលុយទេ ហើយវត្ថុអនុស្សាវរីយ៍អីក៏កម្រឃើញទិញដែរ»។
លោក ហៃ សុខា បន្តថា ប្រាក់ដែលលោកទទួលបានមិនបានកើនឡើងច្រើនទេ តាំងពីពេលលោកចាប់អាជីពនេះជាលើកដំបូងក្នុងឆ្នាំ២០១៣។
លោក ហៃ សុខា ក៏បានប្រាប់ VOA ថា ប្រាក់លើកទឹកចិត្តដែលលោកធ្លាប់ទទួលបានក៏មានការធ្លាក់ចុះដែរ ខណៈពេលដែលថ្លៃជីវភាពប្រចាំថ្ងៃមានការកើនឡើង។
លោកនិយាយថា លោកត្រូវចំណាយថ្លៃផ្ទះ ថ្លៃភ្លើងក្នុងមួយខែយ៉ាងហោចណាស់ក៏ត្រូវចំណាយ៤០០ទៅ៥០០ដុល្លារដែរ។ លោកគិតថា មគ្គុទេសក៍ទេសចរគួរតែបានប្រាក់ចំណូលច្រើនជាងអ្វីដែលគេទទួលបាននាពេលបច្ចុប្បន្ន។
លោកយឹម ចាន់ផល ដែលមានវិជ្ជាជីវៈជាមគ្គុទេសក៍ទេសចរ បានចាប់ផ្តើមចាប់អាជីពនេះតាំងពីចុងឆ្នាំ២០០៦មកម្ល៉េះ។ ការងាររបស់លោកភាគច្រើនគឺត្រូវនាំភ្ញៀវដើរទស្សនាតាមប្រាសាទដែលនៅទីក្រុងសៀមរាប និងរ៉ាយរ៉ាប់ទៅកាន់ប្រាប់ពួកគេអំពីអត្ថន័យនៃចម្លាក់បុរាណនានា។ លោកបានចំណាយពេលជាងប្រាំបួនឆ្នាំក្នុងការរៀនភាសាចិនកុកងឺ ដែលជាជំនាញចាំបាច់សម្រាប់ការងារនាំភ្ញៀវចិនរបស់លោក។
ក្នុងមួយថ្ងៃ លោកយឹម ចាន់ផលអាចរកចំណូលបាន២៥ដុល្លារសម្រាប់ការងារនេះ ក្នុងករណីដែលគាត់ត្រូវបានគេជ្រើសរើសឲ្យនាំក្រុមអ្នកទេសចរ។
លោកយឹម ចាន់ផលបានឲ្យដឹងថា ក្នុងឆ្នាំ២០១០ លោកទទួលបានកម្រៃ ២០ដុល្លារក្នុងមួយថ្ងៃ មានន័យថា ប្រាក់កម្រៃដែលលោកទទួលបានមិនបានផ្លាស់ប្តូរច្រើនទេក្នុងអំឡុងពេលប្រាំឆ្នាំមកនេះ។
ជនជាតិខ្មែរដទៃទៀត ដែលបានចាប់អាជីពជាមគ្គុទេសក៍ទេសចរ ដែលតម្រូវឲ្យចេះភាសាច្បាស់លាស់ មានការប្រាស្រ័យទាក់ទងល្អ និងមានជំនាញរៀបចំល្អនោះ ក៏បាននិយាយដែរថា កម្រៃដែលពួកគេទទួលបាន មានលក្ខណៈទ្រឹង បើទោះបីជាប្រាក់ចំណូលវិស័យទេសចរណ៍កម្ពុជាបានកើនឡើងយ៉ាងគំហុក ហើយចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃមានការកើនឡើងជាលំដាប់ក៏ដោយ។
របាយការណ៍ប្រចាំឆ្នាំ២០១៥នៃក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រាក់ចំណូលប្រចាំឆ្នាំដែលកម្ពុជាទទួលបានពីវិស័យទេសចរណ៍ក្នុងឆ្នាំ២០១៥ គឺ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ជិតពីរដងនៃប្រាក់ចំណូលក្នុងឆ្នាំ ២០១០ដែលមាន១,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោកចាន់ផលបាននិយាយថា៖
«បើសិនជាផ្គត់ផ្គង់ជាមួយគ្រួសារ វាមិនគ្រាន់ទេ។ យើងត្រូវរកឲ្យច្រើនជាងនេះទៀត។ ដោយសារពីមុននៅតែខ្លួនមួយ យើងចាយវាយគ្រប់គ្រាន់ហើយ។ តែដល់ពេលមានគ្រួសារ ត្រូវចិញ្ចឹមកូន ចញ្ចឹមប្រពន្ធ អញ្ចឹងវាមិនសូវគ្រប់គ្រាន់ប៉ុន្មានទេ»។
លើសពីនេះទៅទៀត លោកចាន់ផលក៏ទទួលបានជារឿយៗនូវប្រាក់លើកទឹកចិត្តពីភ្ញៀវរបស់គាត់ ដូច្នេះលោកអាចរកបានបន្ថែម២០ទៅ៣០ដុល្លារពីភ្ញៀវរបស់លោកមួយក្រុមៗ។
លោកចាន់ផលបានបន្ថែមថា៖
«វាតាមសណ្តានចិត្តរបស់ភ្ញៀវ ជួនកាលមួយក្រុមគេឲ្យម្ភៃ សាមសិបដុល្លារ ទៅតាមក្រុមតូច ក្រុមធំ។ យើងជាមគ្គុទេសក៍ទេសចរ យើងអត់មានប្រាក់ខែទេ ពេលដែលយើងនាំភ្ញៀវបានគេឲ្យប្រាក់ជាថ្ងៃ»។
លោកហូ វណ្ណឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា និយាយថា ប្រាក់ចំណូលរបស់មគ្គុទេសក៍ទេសចរអាស្រ័យទៅលើបទពិសោធន៍ ចំនួនថ្ងៃដែលពួកគេធ្វើការ និងកម្រិតបដិសណ្ឋារកិច្ចដែលពួកគេផ្តល់សម្រាប់ភ្ញៀវទេសចរ។
លោកបាននិយាយថា៖
«ទីមួយ វាអាស្រ័យទៅលើសមត្ថភាពរបស់ពួកគាត់ ទីពីរ វាអាស្រ័យទៅលើភាពវ័យឆ្លាតរបស់ការងាររបស់ពួកគាត់ និងទីបីគឺការយកចិត្តទុកដាក់ចំពោះភ្ញៀវ»។
ដោយមានការជំរុញមួយភាគធំពីចំនួននៃការទៅទស្សនាឧទ្យានបុរាណអង្គរ វិស័យទេសចរណ៍បានក្លាយជាវិស័យចម្បងមួយនៃសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីការនាំចេញសម្លៀកបំពាក់។ ក្នុងខែមិថុនា ប្រទេសកម្ពុជាបានទទួលរង្វាន់«ទិសដៅទេសចរណ៍ល្អបំផុតសម្រាប់ពិភពលោកឆ្នាំ២០១៦»ពីក្រុមប្រឹក្សាអឺរ៉ុបលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
សម្រាប់អ្នកដែលនៅឈរជួរមុខនៅក្នុងវិស័យនេះ ជាពិសេសមគ្គុទេសក៍ទេសចរ ប្រាក់ចំណូលមានលក្ខណៈតាមរដូវកាល។ នៅក្នុងខែដែលមានភ្ញៀវច្រើនគឺពីពាក់កណ្តាលខែវិច្ឆិកាដល់ពាក់កណ្តាលខែមេសា មគ្គុទេសក៍ទេសចរអាចរកបានដល់ទៅមួយពាន់ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ប៉ុន្តែក្នុងខែដែលមានភ្ញៀវតិចវិញ ពួកគេអាចមិនមានការងារធ្វើរយៈពេលដល់ទៅមួយខែ៕
From : https://khmer.voanews.com/
From : https://khmer.voanews.com/
No comments:
Post a Comment