ទេសចរ២៦ប្រទេសពិនិត្យនិងផ្ដល់យោបល់ពីការដាក់ទីក្រុងបាត់ដំបងចូលបេតិកភណ្ឌ
ប្រធានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ លោក ថុក សុខុម ផ្ដល់បទសម្ភាសន៍នៅសួននាគបាញ់ទឹកមុខដើមពោធិ៍ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។
អ្នកទេសចរមកពី ២៦ប្រទេសលើពិភពលោកជាង ១០០នាក់ នៅព្រឹកថ្ងៃទី១៣ មិថុនា ធ្វើទស្សនកិច្ចពិនិត្យមើលអគារចាស់ៗ និងរមណីយដ្ឋានសំខាន់ៗនៅខេត្តបាត់ដំបង។ អភិបាលក្រុងបាត់ដំបង អះអាងថា ក្រុមអ្នកទេសចរនេះមកពិនិត្យមើលតំបន់ទេសចរណ៍ និងជួយផ្ដល់ជាគំនិតយោបល់ ដើម្បីដាក់ទីក្រុងបាត់ដំបង សម្រាប់ប្រកួតប្រជែងជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅពេលខាងមុខ។
អភិបាលក្រុងបាត់ដំបង លោក សៀងឯម វូនស្ហី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងផ្ដល់ចំណេះដឹងបន្ថែមដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តបាត់ដំបង ដើម្បីត្រៀមខ្លួនរៀបចំដាក់ទីក្រុងបាត់ដំបង សម្រាប់ដាក់បញ្ចូលជាទីក្រុងបេតិកភណ្ឌពិភពលោកនៅពេលខាងមុខ៖ «កន្លងមកនេះយើងបានដាក់សំណើក្រុងបាត់ដំបង សុំចូលជាបេក្ខភាពជាទីក្រុងបេតិកភណ្ឌពិភពលោកផងដែរ។ អ៊ីចឹងទេ ថ្ងៃនេះក្រុងបាត់ដំបង បានរៀបចំដោយមានសមត្ថកិច្ចចម្រុះ ដើម្បីរក្សាសន្តិសុខជូនភ្ញៀវអន្តរជាតិក្នុងដំណើរទស្សនកិច្ចនេះ»។
ប្រធានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ លោក ថុក សុខុម មានប្រសាសន៍ថា ខេត្តបាត់ដំបង មានសក្ដានុពលផ្នែកទេសចរណ៍ច្រើនបែបច្រើនយ៉ាង ដើម្បីទាក់ទាញអ្នកទេសចរមកលេងកម្សាន្ត មានដូចជាបឹងទន្លេសាប អគារចាស់ៗសល់ពីសម័យបារាំង ប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិ ជាដើម៖ «អ៊ីចឹងហើយវាជាឱកាសមួយដ៏ល្អ ដើម្បីផ្សព្វផ្សាយគោលដៅតំបន់ទេសចរណ៍របស់ខេត្តបាត់ដំបង ទៅកាន់ពិភពលោកឲ្យគេបានដឹងថា យើងមានអ្វីគ្រប់បែបយ៉ាង ដើម្បីទស្សនាកម្សាន្ត។ ហើយឥឡូវយើងកំពុងធ្វើការអភិវឌ្ឍរមណីយដ្ឋានកែច្នៃ ដូចជារមណីយដ្ឋានសេកសក ជាដើម បានប្រែក្លាយពីតំបន់ទេសចរណ៍ធម្មជាតិមកទេសចរណ៍កែច្នៃ»។
អភិបាលក្រុងរូបនេះឲ្យដឹងទៀតថា លោកនឹងទៅធ្វើបទបង្ហាញអំពីការអភិរក្សក្រុងបាត់ដំបង នៅខេត្តសៀមរាប នៅថ្ងៃទី១៤ មិថុនា។ ប្រទេសកម្ពុជា បានលើកយកទីក្រុងបីដាក់ជាទីក្រុងបេតិកភណ្ឌពិភពលោក រួមមានក្រុងក្រចេះ ក្រុងកំពត និងក្រុងបាត់ដំបង៕
From : http://www.rfa.org/khmer
From : http://www.rfa.org/khmer
No comments:
Post a Comment